ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋជាង១លាន ២០ម៉ឺននាក់ មកដើរលេងកម្សាន្ត រយៈពេល ៤ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ខេត្តសៀមរាប៖ រយៈពេល ៤ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ឈានចូល ព.ស ២៥៦៨ គឺគិតចាប់ពីថ្ងៃទី១៣, ១៤, ១៥, ១៦ ខែមេសា ឆ្នាំ២០២៤នេះ ខេត្តសៀមរាប ទទួលបានភ្ញៀវទេសចរជាតិ-អន្តរជាតិ មហាជន និងបងប្អូនប្រជាពលរដ្ឋ សរុបប្រមាណ ១,២៣៩,៨០៨ នាក់ បានមកដើរលេងកម្សាន្តនៅខេត្តសៀមរាប និងតំបន់រមណីយដ្ឋាននានា ក្នុងឱកាសបុណ្យបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

បើតាមរបាយការណ៍របស់រដ្ឋបាលខេត្តសៀមរាប សរុបមានចំនួនប្រមាណ ១,២៣៩,៨០៨ នាក់ ក្នុងនោះ ភ្ញៀវទេសចរបរទេសមានចំនួន ១៦,៨០៨ នាក់ និងភ្ញៀវទេសចរជាតិ ៦៦០,០០០ នាក់ ហើយបងប្អូនប្រជាពលរដ្ឋមកពីតាមបណ្ដាស្រុក/ក្រុង ក្នុងខេត្តសៀមរាប ផ្ទាល់មានចំនួនប្រមាណ ៥៦៣,០០០នាក់ ។

សូមបញ្ជាក់ផងដែរថាបើតាមរបាយការណ៍របស់អាជ្ញាធរ និងសមត្ថកិច្ច បានឱ្យដឹងថាក្នុងរយៈពេល ៤ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅខេត្តសៀមរាប ឆ្នាំនេះ គឺមានការប្រព្រឹត្តិទៅដោយរលូន និងប្រកបដោយសុខសុវត្ថិភាព និងមានសណ្ដាប់ធ្នាប់ របៀបរៀបរយ ព្រមទាំងទទួលបានការសប្បាយរីករាយ ផងដែរ ក្រោមការរៀបចំ និងដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំ អាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងប្រដាប់អាវុធ ព្រមទាំងមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋ ផងដែរ៕