រដ្ឋមន្រ្តីការងារ ៖ ការអនុវត្តបាននូវសហគ្រាសមួយជាសហគមន៍សុខសាន្តមួយ គឺដើម្បីជ្រោងវិស័យការងារនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង

ភ្នំពេញ ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈលើកឡើងថា ការប្រារព្វខួបអនុស្សាវរីយ៍ នៃទិវាពលកម្មអន្តរជាតិ ក្រោមប្រធានបទ “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ” គឺជាសក្ខីភាពបញ្ជាក់នូវការប្តេជ្ញាចិត្ត និងការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការបន្តលើកកម្ពស់លក្ខខណ្ឌការងារ សិទ្ធិសេរីភាព, និងអត្ថប្រយោជន៍ដល់កម្មករនិយោជិត, និងពង្រឹងយន្តការបង្ការនិងដោះស្រាយវិវាទការងារ សំដៅធ្វើឱ្យមានភាពកាន់តែល្អប្រសើរឡើង នៃទំនាក់ទំនងវិជ្ជាជីវៈនៅកន្លែងធ្វើការងារ ។

ថ្លែងក្នុងកម្មវិធីសំណេះសំណាល ជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៤ ឯកឧត្តមរដ្ឋមន្រ្តីគូសបញ្ជាក់ថា ការជ្រើសរើសប្រធានបទសម្រាប់ឆ្នាំនេះ ក៏ផ្ដើមចេញពីការ អនុវត្តអនុសាសន៍ រួមគ្នារបស់ សម្តេចតេជោ ហ៊ុន សែន និង សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងអំឡុងពេលដែលសម្តេចទាំងពីរ ចុះជួបសំណេះសំណាល ជាមួយបងប្អូនកម្មករនិយោជិត ចាប់តាំងពីឆ្នាំ២០១៧កន្លងមក ។

ឯកឧត្តមរដ្ឋមន្ត្រី ថ្លែងថាការប្រារព្ធទិវា នៅឆ្នាំនេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្ត របស់កម្មករនិយោជិត ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ប្រារឰធ្វើជារៀង រាល់ឆ្នាំ ចាប់តាំងពីក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ ហើយឆ្នាំនេះក៏ដូចឆ្នាំមុនៗ ដែរ គឺរាជរដ្ឋាភិបាលបានចេញសារាចរ ណែនាំដើម្បីបំផុសលើកទឹកចិត្ត គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី ខេត្ត រោងចក្រ សហគ្រាសនានា រៀបចំខួបអនុស្សាវរីយ៍លើកទី១៣៨ ទិវាពលកម្មអន្តរជាតិ ១ឧសភា និងកម្មវិធីកម្សាន្តផ្សេងៗ ដើម្បីបង្កបរិយាកាសរីករាយ និងសាមគ្គីភាព រវាងកម្មករនិយោជិត និងនិយោជក។

ឯកឧត្តម បានគូសបញ្ជាក់ថា ដើម្បីជំរុញឱ្យគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសភាគីនិយោជកក្នុងវិស័យកាត់ដេរស្ម័គ្រចិត្តចូលរួមក្នុងកម្មវិធីប្រឡងប្រណាំង និងប្រែក្លាយការប្រឡងប្រណាំងនេះ ទៅជាចលនាជាតិមួយ សំដៅអភិវឌ្ឍវប្បធម៌អនុលោមភាព ពង្រឹងភាពសុខដុមរមនានៃទំនាក់ទំនងវិជ្ជាជីវៈ និងលើកតម្កើងទំនួលខុសត្រូវ ផ្នែកសង្គមរបស់សហគ្រាសនោះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចេញនូវប្រកាសចំនួន ៣ និងសេចក្តីសម្រេចចំនួន ១ ក្នុងការកំណត់លក្ខណវិនិច្ឆ័យពាន “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ” ដោយក្នុងនោះតម្រូវឱ្យសហគ្រាសនីមួយៗ ត្រូវទទួលបានវិញ្ញាបនបត្រ អនុលោមភាពចំនួន ៨ ។

ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តី អរគុណចំពោះបងប្អូនថ្នាក់ដឹកនាំសហជីព ដែលបានសហការជាមួយក្រសួង សមាគមនិយោជក និងម្ចាស់រោងចក្រ សហគ្រាសនានា បំពេញភារកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រកបដោយភាពចាស់ទុំ មានវិជ្ជាជីវៈ និងអរគុណដល់អង្គការអន្តរជាតិខាងការងារ (ILO) ដែលបានផ្ដល់ការសម្របសម្រួល និងគាំទ្រផ្នែកបច្ចេកទេសដល់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រុមប្រឹក្សាអាជ្ញាកណ្ដាល សហជីព សមាគមនិយោជក ដែលបានធ្វើឱ្យគ្រប់គ្នាមានសមត្ថភាពកាន់តែប្រសើរ យល់កាន់តែច្បាស់អំពីតួនាទី៕