អ្នកជំនាញ UN បញ្ជាក់ពីការប្រើប្រាស់មីស៊ីលកូរ៉េខាងជើង ក្នុងទីក្រុង Kharkiv របស់អ៊ុយក្រែន

ប្រភព៖ Reuters

យូអិន៖ ក្រុមអ្នកជំនាញឃ្លាំមើលការអនុវត្តការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ (UN) ប្រឆាំងនឹងកូរ៉េខាងជើង បានឱ្យដឹងថាបំណែកនៃមីស៊ីលមួយគ្រាប់ដែលបានធ្លាក់ នៅក្នុងទីក្រុង Kharkiv ប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២ ខែមករាកន្លងទៅ គឺជាប្រភេទមីស៊ីលបាលិស្ទីគ Hwasong-11 របស់កូរ៉េខាងជើង។

ក្រុមអ្នកជំនាញ UN ៣រូបដែលបានធ្វើដំណើរទៅកាន់ប្រទេសអ៊ុយក្រែនកាលពីដើមខែមេសានេះ ដើម្បីត្រួតពិនិត្យលើបំណែកមីស៊ីលមិនបានរកឃើញភស្តុតាងថាមីស៊ីលនោះត្រូវបាន ផលិតដោយរុស្ស៉ីនោះទេ ហើយក៏មិនទាន់អាចបញ្ជាក់បានពីទីតាំងបាញ់ចេញ ឬបាញ់ចេញដោយនរណានោះដែរ។ តាមក្រុមអ្នកជំនាញ UN មីស៊ីលបាលិស្ទីគ Hwasong-11 ត្រូវបាន កូរ៉េខាងជើងធ្វើតេស្ដជាលើកដំបូងដោយទីក្រុងព្យុងយ៉ាង កាលពីឆ្នាំ២០១៩។

នៅក្នុងរបាយការណ៍មួយមានកម្រាស់ ៣២ទំព័រផ្ញើទៅកាន់គណៈកម្មាធិការមួយរបស់ក្រុមប្រឹក្សាសន្តិសុខ UN ក្រុមអ្នកជំនាញខាងលើបានធ្វើការសន្និដ្ឋានថាបំណែកដែលគេយក ចេញពីមីស៊ីលមួយគ្រាប់ក្នុងទីក្រុង Kharkiv កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ គឺជាមីស៊ីលបាលិស្ទីគ Hwasong-11 របស់កូរ៉េខាងជើងដែលនេះគឺជាការរំលោភបំពានលើទណ្ឌកម្ម ហាមឃាត់ការនាំចេញអាវុធរបស់កូរ៉េខាងជើង៕