សម្តេចធិបតី ណែនាំឲ្យក្រសួង ស្ថាប័នពាក់ព័ន្ធ ចេញបំភ្លឺភ្លាមៗ បើមានការចោទ ប្រកាន់ណាមួយ មកលើការអភិវឌ្ឍអ្វីមួយ

ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឲ្យក្រសួងស្ថាប័ន ពាក់ព័ន្ធ ត្រូវចេញមុខបំភ្លឺភ្លាមៗ ក្នុងករណីមានការចោទប្រកាន់ណាមួយ ពាក់ព័ន្ធនឹងដំណើរការអភិវឌ្ឍ ឬធ្វើអ្វីមួយនោះ។

ការលើកឡើងរបស់សម្តេចនេះ ក្រោយមានការចោទប្រកាន់មកលើកំពង់ផែនៅកំពតថា គោករាក់មិនអាចដំណើរការបាន ដោយសម្តេចបានឲ្យរដ្ឋមន្រ្តី ក្រសួងសាធារណការ ចេញមកបំភ្លឺ និងករណីក្តៅមួយទៀត ទើបតែកើតឡើងនោះ គឺការផ្ទុះឃ្លាំងដាក់គ្រាប់នៅយោធភូមិភាគទី៣ នៅខេត្តកំពង់ស្ពឺ ដែលក្រុមប្រឆាំងចេញមកថា កងទ័ពចាប់ផ្ដើមបះបោរ ក៏សម្តេចឲ្យរដ្ឋមន្រ្តី ក្រសួងពារពារចេញបកស្រាយដែរ ។

ក្នុងពិធីសំណេះសំណាលជាមួយមន្រ្តីរាជការ បុគ្គលិក កម្មករ និយោជិក កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ក្នុងទិវាពលកម្ម អន្តរជាតិ ១ ឧសភា ឆ្នាំ២០២៤ នាព្រឹក ថ្ងៃទី១ ឧសភា សម្ដេចធិបតី មានប្រសាសន៍ថា បើមានអ្នកណាលើកមក បំភ្លៃរឿងកំពង់ផែនៅកំពត លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមជាមួយឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជា ត្រូវចេញបំភ្លឺភ្លាមៗជុំវិញបញ្ហានេះ ព្រោះប្រជាពលរដ្ឋ ជាម្ចាស់ប្រទេសគាត់មានសិទ្ធិ បារម្ភ ។

សម្ដេចធិបតីនាយករដ្ឋមន្ត្រី បញ្ជាក់បន្តថា «យើងត្រូវ មានសិទ្ធិការពារ ហើយកុំឲ្យខ្ញុំការពារម្នាក់ឯង ក្រសួងស្ថាប័នជំនាញ ប្រតិកម្មរហ័ស ហើយប្រតិកម្មឲ្យគ្រប់ជ្រុងជ្រោយ កុំចេញតែក្រដាសមួយសន្លឹកនៅក្នុងផេករបស់ខ្លួនហើយចប់ ដល់ទៅមើលមានតែអ្នកចូលមើលប៉ុន្មាននាក់ តែពេលគេវ៉ៃយើង មានគេមើលរាប់លាន ។ ត្រូវផ្សព្វផ្សាយទាំងអស់ ដាក់ចូលប្រព័ន្ធផ្សព្វផ្សាយឲ្យគ្រប់ ដើម្បីឲ្យប្រជាពលរដ្ឋយើងដឹង ថាការពិតវាអញ្ចេះ» ។

ជុំវិញករណីផ្ទុះគ្រាប់នៅបញ្ជាការដ្ឋាន យោធភូមិភាគ៣ ខេត្តកំពង់ស្ពឺ សម្ដេចធិបតី មានលើកឡើងថា សម្ដេចបានណែ នាំឲ្យឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ ឬអគ្គបញ្ជាការ ឬកងទ័ពជើងគោក ចេញបំភ្លឺផងដែរ ថាករណីផ្ទុះនេះបណ្ដាលមកពីបញ្ហាបច្ចេកទេស ។ សម្ដេចថា ករណីនេះមានអ្នកចេញមកបំភ្លៃថា កងទ័ពចាប់ផ្ដើមបះបោរ ដែលជាហេតុធ្វើឲ្យប្រជាពលរដ្ឋ មានការព្រួយបារម្ភ និងភ័យខ្លាច ។

សម្ដេចក៏បានណែនាំឲ្យគ្រប់បណ្ដា រាជធានីខេត្តទាំងអស់ ត្រូវចេញពន្យល់ធ្វើយ៉ាង ណាឲ្យប្រជាពលរដ្ឋ បានយល់ពីផលប្រយោជន៍ ពិតប្រាកដ ពីគម្រោងអភិវឌ្ឍន៍អ្វីមួយ ដើម្បីកុំឲ្យមានការច្រឡំខុស ៕