រដ្ឋមន្រ្តីការពារជាតិរុស្ស៉ីបញ្ជាឱ្យទិញអាវុធបន្ថែម សម្រាប់ការធ្វើសង្រ្គាមនៅអ៊ុយក្រែន

ប្រភព៖​ Reuters

មូស្គូ៖ រដ្ឋមន្រ្តីក្រសួងការពារជាតិរុស្ស៉ី លោករដ្ឋមន្រ្តី Sergei Shoigu បានបញ្ជាឱ្យទិញអាវុធបន្ថែមទៀត និងឱ្យបានឆាប់សម្រាប់បម្រើដល់សង្រ្គាមនៅអ៊ុយក្រែន។

រុស្ស៉ី ដែលហៅសង្រ្គាមរបស់ខ្លួនថាជាប្រតិបត្តិការយោធាពិសេស ពេលនេះគ្រប់គ្រងប្រហែលមួយភាគប្រាំ នៃទឹកដីរបស់អ៊ុយក្រែន ហើយភាគច្រើនដណ្តើមបានកាលពីដើមដំបូងនៃសង្រ្គាម កាលពីខែកុម្ភៈ ឆ្នាំ២០២២។

ក្នុងកិច្ចប្រជុំជាមួយមេបញ្ជាការយោធាកំពូលៗ ដែលទទួលបន្ទុកសង្រ្គាមនៅអ៊ុយក្រែន ប្រមុខកងកម្លាំងប្រដាប់អាវុធរុស្ស៉ី លោក Valery Gerasimov បានធ្វើសេចក្តីរាយការណ៍ជូន លោក Shoigu។

ស្របពេលដែល ទីក្រុងកៀវ កំពុងបន្ទោសលើការខ្វះខាតអាវុធ កងកម្លាំងរុស្ស៉ីសម្រេចបាននូវការជឿនលឿនស្ទើរតែរាល់ថ្ងៃ នៅក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ នៅតាមបណ្តោយជួរមុខ ភាគអាគ្នេយ៍អ៊ុយក្រែន។

លោក Shoigu ត្រូវបានដកស្រង់សម្តីថាដើម្បីរក្សាល្បឿននៃតម្រូវការវាយលុក … ចាំបាច់ត្រូវបង្កើនបរិមាណ និងគុណភាពនៃអាវុធ ក៏ដូចជាសម្ភារយោធាសម្រាប់កងទ័ព ហើយជាចម្បងនោះគឺអាវុធ៕