លោក លី ដា ប្រធានស្នាក់ការបរិស្ថានស្រែឈូករងការរិះគន់ ខណៈគោយន្តដឹកឈើចេញពីព្រៃកាត់មុខស្នាក់ការតែធ្វើជាមិនដឹងទៅវិញ

ខេត្តមណ្ឌលគិរី ៖ លោក លី ដា ប្រធានស្នាក់ការបរិស្ថានស្រែឈូក បានរងការិះគន់ពីសំណាក់មជ្ឈដ្ឋានប្រជាពលរដ្ឋជាបន្តបន្ទាប់ ខណៈសកម្មភាពក្បួនគោយន្តដឹកជញ្ជូនឈើប្រភេទលេខ១ និងលេខ២ បានដង្ហែកាត់មុខស្នាក់ការរបស់ខ្លួនយ៉ាងសកម្ម ប៉ុន្តែលោកបែរជាព្រងើយកន្តើយធ្វើជាមិនដឹងមិនឮទៅវិញ មិនដឹងថា តើថ្នាក់លើចាត់តាំងលោក លី ដា ឲ្យទៅការពារព្រៃ ឬទៅអង្គុយចាំមើលសកម្មភាពគោយន្តដឹកឈើ ?

ជាក់ស្តែងកាលពីយប់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង១០ ៖ ៥នាទីនៅចំណុចភូមិចក់ចារ ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី មានសកម្មភាពដឹកជញ្ជូនឈើក្តារប្រភេទលេខ១ និងលេខ២ តាមរយៈគោយន្តរបស់ឈ្មួញរកស៊ីឈើឈ្មោះ យាយថៃ បានដឹកកាត់មុខស្នាក់ការបរិស្ថានស្រែឈូកដែលគ្រប់គ្រងដោយលោក លី ដា យ៉ាងរលូន ធ្វើឲ្យផ្លូវរងការខូចខាតស្ទើរតែធ្វើដំណើរមិនរួចដោយសារក្រុមឈ្មួញដឹកជញ្ជូនឈើ។

ពាក់ព័ន្ធសកម្មភាពដឹកជញ្ជូនឈើរបស់ឈ្មួញឈ្មោះ យាយថៃ ខាងលើនេះដែរ ភ្នាក់ងារអង្គភាពព័ត៌មាន “ភ្នំពេញដេលី” ប្រចាំខេត្តមណ្ឌលគិរីបានទាក់ទងទៅលោក លី ដា ប្រធានស្នាក់ការស្រែឈូក ដើម្បីសាកសួរពីព័ត៌មាននេះ ប៉ុន្តែទូរស័ព្ទរបស់លោកមិនអាចធ្វើការទាក់ទងបាន។

មជ្ឈដ្ឋានប្រជាពលរដ្ឋបានសំណូមពរដល់លោក ហាន សុខន ប្រធានបរិស្ថានស្រុកកែវសីម៉ា និងលោក កែវ សុភ័គ្រ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី មេត្តជួយពិនិត្យមើលពីភាពអសកម្មរបស់លោក លី ដា ផងដែលកំពុងតែបណ្តែតបណ្តោយឲ្យក្រុមឈ្មួញចូលកាប់ឈើក្នុងដែនរបស់ខ្លួនយ៉ាងអនាធិបតេយ្យគ្មានការទប់ស្កាត់ ថែមទាំងធ្វើឲ្យផ្លូវរងការខូចខាតពិបាកក្នុងការធ្វើដំណើរទៅមករបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានទៀតផង ដោយសារតែការដឹកជញ្ជូនឈើឆ្លងកាត់៕ ដោយ ៖ ផែង ផល្លិត