សម្ដេចធិបតី ប្រាប់ទៅបរទេសដែលចង់ជួយប្រជាធិបតេយ្យនៅកម្ពុជាឱ្យណែនាំក្រុមប្រឆាំងកុំឱ្យដើរហួសព្រំដែនច្បាប់

ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ប្រាប់ទៅបរទេសដែលចង់ជួយប្រជាធិបតេយ្យនៅកម្ពុជាមិនត្រូវលើកទឹកចិត្តអ្នកខុសនោះទេ គួរតែជួយណែនាំគាត់កុំឱ្យដើរហួសព្រំដែននៃច្បាប់។ សម្ដេចថ្លែងបែបនេះបន្ទាប់ពីមេបក្សកម្លាំងជាតិលោក ស៊ុន ចន្ធី ត្រូវបានអជ្ញាធរចាប់ខ្លួន ហើយត្រូវបានតុលាការបញ្ជាឱ្យដាក់ពន្ធនាគារកាលពីដើមខែឧសភានេះ។

ថ្លែងក្នុងពិធីដាក់ឱ្យអនុវត្តជាផ្លូវការផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្ដប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥ នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤នេះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងថាការឃាត់ខ្លួន លោក ស៊ុន ចន្ធី មេបក្សកម្លាំងជាតិ គឺដោយសារតែបុគ្គលរូបនេះបានបំភ្លៃទៅលើកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលលើកម្មវិធីជាតិជំនួយសង្គម ដើម្បីកេងចំណេញនយោបាយ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា៖ «សុំឱ្យមិត្តទាំងអស់មុនវ៉ៃតម្លៃករណីណាមួយកុំយកថា អ្នកនោះជានរណាត្រូវមើលថាអ្នកនោះធ្វើស្អី ? អ្នកប្រឆាំងរាជរដ្ឋាភិបាលមានតើលទ្ធផលបោះឆ្នោតក្នុង៨លាននាក់ មានតែ៦លាននាក់ទេ បោះឆ្នោតឱ្យគណបក្សប្រជាជន ក្នុងនោះមានជាង១លាននាក់មិនគាំទ្រតែគេអនុវត្តនៅក្នុងសារនៅក្នុងអីបញ្ចេញមតិតាមហ្វេសប៊ុកតាមអីជាដើម»។

សម្ដេចធិបតីបានស្នើឱ្យប្រទេសជាមិត្តជាពិសេសប្រទេសលោកសេរីចង់ពង្រឹងប្រជាធិបតេយ្យនៅកម្ពុជា សូមពង្រឹងការអនុវត្តច្បាប់គ្រប់គ្នា ហើយជាពិសេសការគោរពច្បាប់ មិនអាចជាសកម្មជនបក្សប្រឆាំងឬអ្នកណាអាចមានសិទ្ធិធើអីបាននោះទេ មិនគួរជួយនិងលើកទឹកចិត្តអ្នកខុសទេ គួរតែជួយណែនាំគាត់កុំឱ្យដើរហួសព្រំដែននៃច្បាប់៕