ដួលរលំឆាកអំឡុងព្រឹត្តិការណ៍ឃោសនាបោះឆ្នោត នៅម៉ិកស៊ិក ស្លាប់មនុស្ស ៩នាក់

ប្រភព៖ Reuters

ម៉ិកស៊ិកូ៖ យ៉ាងហោចណាស់មនុស្សចំនួន៩នាក់បានស្លាប់កាលពីល្ងាចថ្ងៃពុធសប្តាហ៍នេះ (ម៉ោងក្នុងតំបន់) នៅរដ្ឋ Nuevo Leon ភាគខាងជើងប្រទេសម៉ិកស៊ិក បន្ទាប់ពីឆាកឃោសនារកសំឡេងឆ្នោតរបស់គណបក្សចលនាពលរដ្ឋ (Citizens’ Movement party) បានដួលរលំអំឡុងពេលកំពុងដំណើការ។

លោក Samuel Garcia អភិបាលរដ្ឋបានឱ្យដឹងតាមបណ្តាញសង្គមថា មនុស្សប្រហែល ៥០នាក់បានរងរបួស ខណៈនាយកវិទ្យាស្ថានសន្តិសុខសង្គមម៉ិកស៊ិក រាយការណ៍ថា មនុស្សជាច្រើនកំពុងត្រូវបានព្យាបាលនៅគ្លីនិក ក្នុងស្រុក។ ជនរងគ្រោះមាន ៨នាក់ជាមនុស្សពេញវ័យ និងក្មេងម្នាក់។ បេក្ខជនប្រធានាធិបតីរបស់បក្ស Citizens’ Movement party លោក Jorge Alvarez Maynez បានឱ្យដឹងថា ខ្យល់បក់បោកបណ្តាលឱ្យឆាកដួលរលំ អំឡុងពេលកំពុងរៀបចំព្រឹត្តិការណ៍ក្នុងទីក្រុង San Pedro Garza Garcia៕