Hun Sen Cup ថ្នាក់​ខេត្ត កោះកុង និង​ត្បូងឃ្មុំ ដឹក​ដៃ​គ្នា​ឡើង​វគ្គ​ផ្ដាច់ព្រ័ត្រ​

ភ្នំពេញ ​៖ ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន​-Hun Sen Cup លើក​ទី​១៥ (​ថ្នាក់​ខេត្ត​) ឆ្នាំ​២០២១ បាន​រកឃើញ​បេក្ខភាព​វគ្គ​ផ្ដាច់ព្រ័ត្រ​ហើយ គឺ​ក្រុម​កោះកុង​អេ​ហ្វ​ស៊ី និង​ខេត្ត​ត្បូងឃ្មុំ ក្រោយ​បញ្ចប់​ការប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ នៅ​ល្ងាច​ថ្ងៃទី​២០ ខែតុលា​នេះ ខណៈ​ខេត្ត​ត្បូងឃ្មុំ បានទទួល​ជ័យជម្នះ ដោយ​ស្វ័យប្រវត្តិ​លើ​ខេត្តបាត់ដំបង​។​

​ចំពោះ​ក្រុម​កោះកុង​អេ​ហ្វ​ស៊ី បាន​យកឈ្នះ​ខេត្តបន្ទាយមានជ័យ ១-០ នៅ​កីឡដ្ឋាន AEU Sport Park​។ ក្នុងជំនួប​ចាញ់​ធ្លាក់​នេះ កោះកុង បាន​បើក​ការ​នាំមុខ​គូប្រជែង ១​គ្រាប់​មុន នៅ​វគ្គ​ទី​១ តាមរយៈ​ការទា​ត់បាល់​ចេញពី​ជ្រុង ហើយ​បំប៉ោង​សំណាញ់​ទី​ដ៏​ល្អ ពី​សំណាក់​កីឡាករ ហ៊ឹម រ៉ស់​សាលី នៅ​នាទី​៤៥+១ ហើយ​លទ្ធផល​នេះ បាន​រក្សា​រហូតដល់​ចប់ ៩០​នាទី បន្ទាប់ពី​បន្ទាយមានជ័យ ព្យាយាម​វាយបក​វិញ តែ​ធ្វើ​ពុំបាន​សម្រេច​។​

​ដោយឡែក ជំនួប​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ១​គូ​ទៀត ត្រូវបាន​គណៈកម្មការ​ប្រកួត​បាល់ទាត់​ជាតិ​កម្ពុជា​-CNCC សម្រេច​លុបចោល​ការប្រកួត​ភ្លាមៗ ដោយ​ផ្ដល់​ជ័យជម្នះ​ដល់​ខេត្ត​ត្បូងឃ្មុំ ក្នុង​លទ្ធផល ៣-០ លើ​ខេត្តបាត់ដំបង បន្ទាប់ពី​រកឃើញ​កីឡាករ​ខេត្តបាត់ដំបង ៤​រូប មាន​វិជ្ជមាន​កូ​វីដ​-១៩​។ ក្នុង​ព្រឹត្តិការណ៍​នេះ នាំ​ឲ្យ​ខេត្តបាត់ដំបង អស់​ឱកាស​បន្ដ​ការប្រកួត​ទៀត សូម្បី​ការប្រកួត​ដណ្ដើម​ចំណាត់ថ្នាក់​លេខ​៣ ក៏ដោយ​។​

​ដោយហេតុនេះ ក្រុម​កោះកុង​អេ​ហ្វ​ស៊ី និង​ខេត្ត​ត្បូងឃ្មុំ នឹងត្រូវ​ជួបគ្នា ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ នា​ថ្ងៃទី​២៣ ខែតុលា ចុង​សប្ដាហ៍​នេះ ដើម្បី​ប្រជែង​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន (​ថ្នាក់​ខេត្ត​) ឆ្នាំ​២០២១​។ ម្យ៉ាងវិញទៀត ក្រុម​ទាំងពីរ រួមទាំង​ខេត្តបន្ទាយមានជ័យ បានទទួល​សិទ្ធិ​ចូលរួម​ប្រកួត​ពានរង្វាន់​សម្ដេច​តេ​ជោ ហ៊ុន សែន (​ថ្នាក់ជាតិ​) ហើយ​ខេត្តបន្ទាយមានជ័យ ក៏​ទទួលបាន​ចំណាត់ថ្នាក់​លេខ​៣ នៃ​ពាន​ថ្នាក់​ខេត្ត ដោយ​ស្វ័យប្រវត្តិ​ផងដែរ​៕ អត្ថបទ​ពី​៖ Cambodia SEA GAMES 2023